Monday, September 15, 2014

ផ្កាអង្គាដីជ្រក់

ការធ្វើផ្កាអង្គាដីជ្រក់

គ្រឿងផ្សំ

ផ្កាអង្គាដី​​               1 កីឡូក្រាម
ទឹកស្អាត               2 ចានគោម
ផ្កាត្នោត                2 ស្លាបព្រាបាយ
ទឹកអង្ករ                2 ចានក្រឡូង (ទឹកអង្ករដែលលាងមុនដាំបាយ)
អំបិល                  1/2 ចានគោម
ទឹកដូង                 1 ចានគោម

វិធីធ្វើ
   
 1. យកសសៃផ្កាអងា្កដីចេញ ហើយលាងទឹកឱ្យស្អាត រួចទុកក្នុងកញ្ច្រែងឱ្យស្ងួតទឹក
 2. យកស្ករត្នោត ទឹក ទឹកអង្ករ អំបិល និងទឹកដូងដាក់ចូលក្នុងកូនចានផើងហើយកូរឱ្យចូលគ្នា បន្ទាប់មកចាក់ចូលក្នុងក្រឡ/ដបសម្រាប់ធ្វើជ្រក់ផ្កាអង្កាដី
 3. បិទគម្របឱ្យជិតហើយយកទៅដាលថៃ្ងឱ្យបាន 3 ថ្ងៃ ទើបអាចយកមកបរិភោគបាន។

Friday, July 12, 2013

ការបង្កាត់ពូជរុក្ខជាតិ

ការបង្កាត់ពូជរុក្ខជាតិដោយមិនប្រើគ្រាប់
ការបង្កាត់ពូជរុក្ខជាតិមានសារៈសំខាន់ណាស់សម្រាប់កសិករក្នុងការដាំរុក្ខជាតិ ដំណាំហូបផ្លែផ្សេងៗ ជាពិសេសការបង្កាត់ពូជ ដោយមិនប្រើគ្រាប់ដូចជា ការបំបៅ ការតខ្នែង ការតមែក ឬចុង ជាដើម​ វាធ្វើឱ្យចំណេញពេលវេលា ឆាប់បានទទួលទិន្នផល។

ការបំបៅមែក
គឺជាការបង្កាត់ពូជដោយប្រើមែករបស់រុក្ខជាតិ មានដំណាក់កាលដូចខាងក្រោម៖
1. ជ្រើសរើសមែកដែលល្អ និងមិនចាស់ពេក ស្លឹកល្អ គ្មានរោគ ឬសត្វបំផ្លាញ បានទទួលពន្លឺថ្ងៃគ្រប់គ្រាន់
2. កាត់សំបកចេញ ជុំវិញមែកចេញប្រវែង 1 ថ្នាំងដៃ ហើយកោសឲ្យទក់
3. យកស្រកីដូងហើយដំឱ្យទក់ យកទៅត្រាំទឹក ហើយពូត ឱ្យសល់ទឹកសើមៗ ដាក់ក្នុងថង់ រួចយកទៅរុំមែកដែល ចង់បំបៅ
4. ស្រោចទឹកជាប្រចាំ នៅពេលមែកដែលបំបៅដុះឬស ពណ៌លឿងត្នោត ចុងឬសពណ៌ស (ក្រោយពេលបំបៅ 1-2 ខែ) ទើបអាចកាត់បាន
5. យកមែកទៅផ្សាំ 1-2 ខែ ហើយនាំយកទៅដាំបាន។


ការតមែក
ការតមែកគឺជាការយកមែកពូជល្អមកតភ្ជាប់ដើមដែលត្រូវការត និយមប្រើសម្រាប់ការប្តូរពូជដែលល្អជាង ដែលកសិករត្រូវការ ព្រោះទទួលបានផលល្អដូចជាៈ ដើមស្វាយ ខ្នុរ ស្ពឺ ជាដើម។


1. ការតមែកបែបសម្រួចភ្ជាប់ៈ រុក្ខជាតិ ឬដំណាំដែលនិយមមានដូចជា  ទៀប ទទឹម​ Croton ផ្កាក្រដាសជាដើម។
   (1) កាត់មែក ឬដើមដែលត្រូវការត ឱ្យសល់ប្រវែងប្រហែល 4 ថ្នាំងដៃ រួចពុះឱ្យចំកណ្តាលមែក ឬដើមដែលចង់ដោតភ្ជាប់ ឱ្យជ្រៅប្រហែល 2 ថ្នាំដៃ។
   (2) នាំយកមែកពូជល្អមកសម្រួច ប៉ុន្តែឱ្យចេញជារាងសំប៉ែតបន្តិច ប្រវែង 2  ថ្នាំដៃ។
   (3) យកមែកពូជល្អដោតភ្ជាប់មែក ឬដើមដែលត្រូវការត ឱ្យមែកទាំងពីរចូលគ្នាក្លាយជាដើមតែមួយ រួចយកខ្សែចងស្នាមត ទាំងខាងលើ និងខាងក្រោមឱ្យណែន។
   (4) យកថង់ប្លាស្ទិកមកឃ្លុមហើយចងឱ្យជិត​ រួចយកទៅទុកនៅក្នុងម្លប់។
   * ប្រសិនបើ មែកឬដើមនៅកណ្តាលថ្ងៃ បន្ទាប់ពីឃ្លុមថង់ប្លាស្ទិកហើយ ត្រូវឃ្លុមដោយក្រដាសមួយជាន់ទៀត ដើម្បីមិនឱ្យពន្លឺថ្ងៃចូលបាន។
          រយៈពេល 15-20 ថ្ងៃ នឹងសង្កេតឃើញបណ្តូលថ្មី ឬចេញស្លឹកថ្មី គួរយកថង់ប្លាស្ទិកចេញ
          រយៈពេល 30 ថ្ងៃ ស្រាយខ្សែចេញឱ្យអស់ បន្ទាប់មកយកទៅដាំ ឬមើលថែឱ្យបានល្អ។

 



Thursday, July 11, 2013

ការដាំម្ទេស

ការត្រៀមដីក្នុងការដាំម្ទេស
ម្ទេសអាចដាំបានស្ទើរតែគ្រប់ប្រភេទដី តែប្រភេទដីដែលល្អបំផុតគឺ ដីដែលមិនជាំទឹក ហើយគួរភ្ជូរត្រឡប់ហាលចោលពី 7-10 ថ្ងៃ សម្រាប់ជីដែលត្រូវប្រើគឺ ជីលាមកសត្វ ឬជីសរីរាង្គ។

វិធីបណ្តុះកូន
គួរបណ្តុះកូននៅលើថ្នាលជាមុនសិន ដោយខ្ចប់គ្រាប់ម្ទេសក្នុងក្រណាត់ហើយត្រាំទឹក 1 យប់ រួចយកទៅលាងក្នុងទឹកដែល កំពុងហូរយ៉ាងហោចណាស់ 30 នាទី យកគ្រាប់ម្ទេសដែលខ្ចប់នឹងក្រណាត់រក្សាទុកនៅកន្លែងដែលស្ងួត ហើយម្លប់ 2-3 ថ្ងៃទៀត។ នៅពេលដែលគ្រប់ម្ទេសដុះចេញឬសពណ៌សតូចៗ សឹមយកទៅបណ្តុះ។


បច្ចេកទេសក្នុងការដាំ
ក្រោយពេលបណ្តុះកូនបាន 2-3 សប្តាហ៍ មុននឹងយកទៅដាំលើថ្នាលថ្មី ចូរកាត់បណ្តូលកូនម្ទេសឱ្យសល់តែថ្នាំងដែល មានស្លឹកចាស់ ព្រមទាំងកាត់ឬសកែវឱ្យសល់ប្រវែង 1 ឬ1 ថ្នាំដៃកន្លះ។ នៅពេលដែលម្ទេសធំឡើង វានឹងមិនខ្ពស់ពេក ផ្ទុយទៅវិញវានឹងបែកមែកច្រើន ធ្វើឱ្យមានផ្កា ផ្លែច្រើនដែរ ចំណែកឬសកែវនឹងកើតជាឬសតូចៗច្រើន អាចរកអាហារ ជីវជាតិមកចិញ្ចឹមដើមបានដោយងាយ។ គួរដាំទុកចន្លោះរវាងដើមនីមួយៗ ប្រវែង 50 សម. ទុកចន្លោះចន្លោះរវាងជួរនីមួយៗ 70 សម.។ ប្រសិនជាលើកជាថ្នាលគួរទុកទទឹង 1 ម. ប្រវែង 20 ម. ចន្លោះសម្រាប់ដើរ 0.5 ម.។


ការដាក់ជី
ក្រោយពេលដាំបាន 20-25 ថ្ងៃ ឬអាចសង្កេតមើលដើមម្ទេស ដោយជ្រួយដីដាក់ជីសរីរាង្គ ឬជីលាមសត្វ។

Sunday, December 16, 2012

ការដាំក្រូចឆ្មារក្នុងលូស៊ីម៉ង់

ការដាំក្រូចឆ្មារក្នុងលូស៊ីម៉ង់ និងការធ្វើឱ្យក្រូចឆ្មារផ្លែខុសរដូវ សម្រាប់កសិករដែលចង់ដាំក្រូចឆ្មារក្នុង លូ ស៊ីម៉ង់ចំនួន ១០០ កង់ ដោយប្រើផ្ទៃដីចំនួន ១,៦០០​ ម៉ែត្រការ៉េប៉ុណ្ណោះ។ ដំបូងត្រូវចំណាយ ដើមទុនច្រើន ជាពិសេសទៅលើលូស៊ីម៉ង់ និង គម្របទា្រប់បាត បើរួមបញ្ចូលទាំងថ្លៃមែក ឬដើមក្រូច ឆ្មារ ប្រព័ន្ធទឹក។ល។ សរុបទាំងអស់នៃការដាំក្រូចឆ្មារក្នុងលូស៊ីម៉ង់ ចំនួន ១០០ កង់ អស់ចំនួន ២,៧០០,០០០ រៀល។ នៅពេលដើមក្រូចឆ្មារមានអាយុ ៨ ខែ អាចបង្គាប់ឱ្យផ្លែ ខុសរដូវបាន ដោយប្រើថង់ប្លាស្ទិកគ្របដើមក្រូចឆ្មារក្នុងខែកញ្ញា និងឱ្យចេញផ្កានៅខែតុលា អាចប្រមូលផល (ក្រូចឆ្មារចាស់) នៅចន្លោះ ខែមីនា-មេសា ជាខែដែលអាចលក់ផ្លែក្រូចឆ្មារបានតម្លៃថ្លៃបំផុត។


ការរៀបចំគម្រោងក្នុងការដាំក្រូចឆ្មារ
ចំណុចសំខាន់ៗក្នុងការចាប់ផ្តើមដាំក្រូចឆ្មារក្នុងលូស៊ីម៉ង់ ត្រូវវាស់ផ្ទៃដី ទទឹង x បណ្តោយ ជាមុនសិន ដើម្បីរៀបចំផ្ទៃដី។ បន្ទាប់មកទុកផ្លូវសម្រាប់ដើរប្រវែង ២ ម៉ែត្រ ចន្លោះដើមក្រូចឆ្មារពីមួយទៅមួយ ប្រវែង ១.២០ ម៉ែត្រ ចន្លោះក្នុងមួយជួរ ១.៥០ ម៉ែត្រ ដាំជាជួរលក្ខណៈគូហើយទុកផ្លូវសម្រាប់ដើរ ប្រវែង ២ ម៉ែត្រ។ ដីត្រូវធ្វើឱ្យរាបស្មើ ហើយវាស់លូស៊ីម៉ង់ឱ្យស្មើ គ្នាលក្ខណៈគូ ដើម្បីងាយស្រួលដល់ ការរៀបចំប្រព័ន្ធទឹក និងគណនាកម្លាំងទឹក អាងស្តុបទឹកចែកចេញជា ២ គឺ ទី១ ត្រូវតម្កល់លូឱ្យខ្ពស់ ប្រហែលជា ៥ កង់ ឬអាចផ្ទុកទឹកបាន ១,២០០ លីត្រ។ អាងស្តុបទឹកនេះនឹងប្រើសម្រាប់លាយជី សរីរាង្គ (ទឹក) ហើយបញ្ចូលទឹកស្អាតលាយរួចបញ្ចេញដើម្បី ស្រោចដើមក្រូចឆ្មារក្នុងលូស៊ីម៉ង់ដោយផ្ទាល់តែម្តង។ ចំណែក អាងស្តុបទឹក ១ គូ ទៀតដែលមាន លូ កម្ពស់ ៩ កង់ ប្រើសម្រាប់ស្តុកទឹកស្អាត និងជួយជម្រុញកម្លាំងទឹកពេលស្រោច។

ការត្រៀមដីដាំក្រូចឆ្មារ និងទំហំលូ
ទំហំលូស៊ីម៉ង់សូមណែនាំឱ្យប្រើលូដែលមានអង្កត់ផ្ទិត ៨០ សង់ទីម៉ែត្រ គម្របទ្រាប់បាត ៩០ សង់ទីម៉ែត្រ ដើម្បីកុំឱ្យដើម ក្រូចចាក់ឬសមកក្រៅពិបាកក្នុងការបង្គាប់ឱ្យចេញផ្កា ឬផ្លែ។  ចំណែកដី សម្រាប់ដាំត្រូវលាយដី ១/៣ លាមកគោ ១/១ និងសំបកសណ្តែកបាយ ១/២ (១/៣ មានន័យថា របស់១ ចែកជា ៣)លាយបញ្ចូលគ្នា។ ការប្រើសំបកសណ្តែកបាយ ជួយធ្វើឱ្យដីធូរ ប្រសិនជាប្រើតែ លាមកគោ និងដីធ្វើឱ្យដីណែន ពេលស្រោចទឹក ៣-៤ ថ្ងៃ ទឹកអាចមិនជ្រាបដល់បាតលូ។ ឧទាហរណ៍ៈ បរិមាណដីដែលត្រូវប្រើក្នុងការដាំក្រូចឆ្មាក្នុងលូចំនួន ១០០ កង់ ត្រូវការដីប្រហែលជា ១ ឡានដំរីទឹក (កង់១០) ចំណែកឯបច្ចេកទេសក្នុងការលាយដីត្រូវចាក់ដីជាស្រទាប់ដំបូង បន្ទាប់មកចាក់លាមកគោជាស្រទាប់ទី ២ នឹងបញ្ចប់ដោយសំបកសណ្តែកបាយជាស្រទាប់ចុងក្រោយ រួចហើយប្រើគ្រឿងសម្រាប់លាយដោយរថយន្តសម្រាបភ្ជួរដី វានឹងប្រើរយៈពេលតិចជាងប្រើកម្លាំងមនុស្ស។

                                      ការលាយដីដាំក្រូចឆ្មារ
បច្ចេកទេសចាក់ដីក្នុងការដាំក្រូចឆ្មារ
កន្លងមកកសិករភាគច្រើនដាំក្រូចឆ្មារក្នុងលូស៊ីម៉ង់តែងតែចាក់ដីសើ្មមាត់លូប៉ុណ្ណោះ។ នៅពេលដែល ស្រោចទឹកបានតែ រយៈពេល ១ សប្តាហ៍ ដីស្រុតចុះប្រហែលជា ១ កែងដៃ ប្រសិនជាកសិករបន្ថែមដី ទៀត វានឹងកប់ដើម ឬគល់ក្រូចឆ្មារ ពេលនេះវានឹងអាចធ្វើឱ្យគល់ក្រូចឆ្មាររលួយ។ ដូច្នេះហើយ ការ ចាក់ដីក្នុងលូស៊ីម៉ង់ត្រូវចាក់ឱ្យកំពុងដូចភ្នំ ហើយឡើងជាន់ ជុំវិញមាត់លូ បរិវេណកណ្តាលមិនចាំបាច់ ជាន់ទេ ការចាក់ដីឱ្យកំពុងអាចជួយក្នុងរឿងដីស្រុតចុះមកស្មើមាត់លូបានយូរ ដល់រយៈពេល ១ ឆ្នាំ។

បច្ចេកទេសក្នុងដាំក្រូចឆ្មារ
បន្ទាប់ពីចាក់ដីរួចហើយ ត្រូវជីរណ្តៅឱ្យមានទំហំប៉ុនគ្នាទៅនឹងថង់ដែលគេផ្ស៊ាំដើមក្រូចឆ្មារ (ធម្មតា ប្រសិនជាប្រើមែកក្រូចឆ្មារ គួរផ្ស៊ាំរយៈពេលយ៉ាងយូរ 1ខែ។ យើងមិនណែនាំឱ្យទិញដើមក្រូចឆ្មារដែលបំបៅកាត់មកផ្សាំទុកច្រើនខែ ឬឆ្នាំ ដោយសារឬស វាដុះចាក់ជ្រៅ ធ្វើឱ្យមិនងាយធំឬក្រិនដើម) ដាក់ជីគីមី 16-16-16 ទ្រាប់បាតរណ្តៅប្រមាណ 1 ក្តាប់ដៃ យកថង់ខ្មៅចេញ ហើយដាំកូនក្រូចឆ្មារឱ្យសើ្មល្មមជាមួយនឹងមាត់រណ្តៅ លុបដីហើយប្រើជើងជាន់ជុំវិញដើម។ ត្រូវដោតឈើទប់ដើមក្រូចឆ្មារ ហើយយកខ្សែចង ដើម្បីការពារពេលខ្យល់បក់។ រៀបចំប្រព័ន្ធទុយយោ ដើម្បីងាយស្រួលក្នុងការស្រោចទឹក។


ការដាំក្រូចឆ្មារក្នុងលូស៊ីម៉ង់បានពេញមួយឆ្នាំ
ការដាំក្រូចឆ្មារក្នុងលូស៊ីម៉ង់ កសិករអាចដាំបានពេញមួយឆ្នាំ។ ដាំហើយអាចរាប់បន្ត 8 ខែទៀត កសិករអាចបង្គាប់ ឬធ្វើឱ្យដើមក្រូចឆ្មារចេញផ្កាបាន ប្រសិនជាកសិករចង់ឱ្យក្រូចឆ្មារចេញផ្កាផ្លែដំបូងនៅរដូវក្តៅកសិករគួរដាំក្នុងខែមករា ហើយខែកញ្ញា-តុលា ឆ្នាំដដែលរួចបង្គាប់ឱ្យចេញផ្កា ទិន្នផលនៅរដូវក្តៅនឹងល្មមបេះផ្លែលក់បានតម្លៃថ្លៃនៅចន្លោះខែ មីនា-មេសា នៅឆ្នាំបន្ទាប់។ យើងអាចសង្កេតឃើញថាការដាំក្រូចឆ្មារក្នុងលូស៊ីម៉ងប្រើរយៈពេលតែ 1 ឆ្នាំជាងប៉ុណ្ណោះ កសិករអាចបេះផ្លែលក់បាន។

បច្ចេកទេសក្នុងការស្រោចទឹកក្រូចឆ្មារ តើត្រូវធ្វើយ៉ាងម៉េច?
ការផលិតក្រូចឆ្មារក្នុងរដូវប្រាំងដែលដាំក្នុងលូស៊ីម៉ង់ ចូរប្រើប្លាស្ទិកបិទមាត់លូ ដើម្បីការពារទឹក ឬទឹកភ្លៀងដែលធ្លាក់ ចុះមកក្នុងដំណាក់កាលដំបូង។ ប៉ុន្តែបញ្ហាដែលច្រើនតែជួបនោះគឺ នៅពេលដែលកសិករនាំយកប្លាស្ទិកទៅគ្រប មាត់លូស៊ីម៉ង់បែរទៅជារក្សាសំណើមដល់ដើមក្រូវឆ្មារទៅវិញ ប្រើរយៈពេលច្រើនថ្ងៃទើបដីស្ងួត។ កសិករអាចសង្កេត មើលចន្លោះខែសីហា-កញ្ញាជារៀងរាល់ឆ្នាំ ភ្លៀងមិនធ្លាក់ជាប់គ្នាជារៀងរាល់ថ្ងៃនោះទេ ក្នុងការផលិតក្រូចឆ្មារក្នុងខែប្រាំង ប្រសិនជាភ្លៀងមិនធ្លាក់ជាប់គ្នា 3-4 ថ្ងៃ ដីនៅក្នុងលូស៊ីម៉ង់នឹងចាប់ផ្តើមស្ងួត ស្លឹកក្រូចឆ្មារចាប់ផ្តើមក្រៀម បន្ទាប់មកបាញ់ ថ្នាំជម្រុញឱ្យក្រូចឆ្មារចេញផ្កា និងផ្លែបាន។

ផលិតក្រូចឆ្មារនៅខែប្រាំងអាចធ្វើបាន 2 ជំនាន់ក្នុង 1 ឆ្នាំ
ដំបូងឡើយការបង្គាប់ឱ្យក្រូចឆ្មារចេញផ្កានៅខែប្រាំងខែ 1 ជំនាន់ទេគឺ ចន្លោះខែតុលា ហើយប្រមូលផលនៅចន្លោះខែ
មេសាធ្វើឱ្យកសិករបេះផ្កាក្រូចឆ្មារចោលតាំងតែឧសភារហូតដល់ខែសីហា-កញ្ញា។ ប៉ុន្តែរយៈពេល 3-4 ឆ្នាំកន្លងមកនេះ តម្លៃក្រូចឆ្មារចាប់ផ្តើមថ្លៃតាំងតែខែមករារហូតដល់ខែមេសា ហេតុនេះហើយទើបមានការធ្វើឱ្យក្រូចឆ្មារចេញផ្កា 2 ជំនាន់ គឺៈ ប្រមូលផលលក់នៅចន្លោះខែមករា-កុម្ភៈ 1 ជំនាន់ (បង្គាប់ឱ្យចេញផ្កាចន្លោះខែកក្កដា-សីហា) និងប្រមូលផលលក់នៅ ចន្លោះខែមីនា-មេសា 1 ជំនាន់ទៀត (បង្គាប់ឱ្យចេញផ្កាចន្លោះខែកញ្ញា-តុលា) នៅពេលដែលចូលដល់ឧសភាតម្លៃ ក្រូចឆ្មារចាប់ផ្តើមចុះថោក កសិករប្រើពេលនេះដើម្បីកាត់តុបតែងមែកក្រូចឆ្មារ ព្រមទាំងបេះផ្កា ផ្លែដែលជាប់នឹងដើម ចោលឱ្យអស់។

ត្រូវកាត់តុបតែងមែកក្រូចឆ្មារដែលដាំក្នុងលូស៊ីម៉ង់ឱ្យស្អាត 3 ឆ្នាំម្តង
កសិករត្រូវកាត់តុបតែងមែកក្រូចឆ្មារដែលដាំក្នុងលូស៊ីម៉ង់ឱ្យស្អាត 3 ឆ្នាំម្តង ដោយចាប់ផ្តើមកាត់មែក និងបេះផ្លែចោលឱ្យ អស់ក្នុងចន្លោះខែឧសភា។ នៅចន្លោះឆ្នាំទី 1-2 មានការកាត់តុបតែងខ្លះដែរ ប៉ុន្តែមិនសូវច្រើន តែកសិករត្រូវធ្វើការធ្ងន់ (កាត់តុបតែងមែក) នៅពេលដែលដើមក្រូចឆ្មារមានអាយុ 3 ឆ្នាំ ព្រោះក្នុងឆ្នាំនេះដើមក្រូចឆ្មារចាប់ផ្តើមទ្រុតទ្រោម មាន មែកងាប់ច្រើន។ ការកាត់មែកធ្វើឱ្យដើមក្រូចឆ្មារបែកមែកថ្មី ហើយផ្លែក្រូចឆ្មារមានគុណភាព ក្រោយពីការកាត់តុបតែងមែក រួចនៅខែឧសភា ខែមិថុនា-កក្កដា ជាចន្លោះពេលដែលកសិករត្រូវ បំប៉ន់ដើមដើម្បីបង្គាប់ធ្វើឱ្យចេញផ្កានៅខែសីហាបានល្អ។

Friday, December 7, 2012

ការចិញ្ចឹមកង្កែបក្នុងសំបកកង់ឡាន

ការចំណាយដើមទុនទៅលើមុខរបរចិញ្ចឹមកង្កែបគឺជា អាជីពម្យ៉ាងដែលកសិករតាមបណ្តាខេត្តផ្សេងៗ មានការចាប់អារម្មណ៍ និងនិយមងាកមកចិញ្ចឹមកង្កែបកាន់តែច្រើនឡើង។ ក្រៅពីកសិករចំណាយ ដើមទុនលើការធ្វើអាងស៊ីម៉ង់ ឬទិញសំណាញ់ បណ្តែតលើស្រះទឹកក្នុងការចិញ្ចឹមកង្កែបហើយ កសិករ មួយចំនួនបានប្រើគំនិតច្នៃប្រឌិតអភិវឌ្ឍវិធីចិញ្ចឹមកង្កែបជាការសន្សំ សំចៃដើមទុន ដោយការចិញ្ចឹម កង្កែបក្នុងដបប្លាស្ទិក និងចិញ្ចឹមកង្កែបក្នុងសំបកកង់ឡានដោយគ្រាន់តែស្វែងរកសំបកកង់ ឡាន ចាស់ៗ មកដាក់ពីលើជាថ្នាក់ៗ ដាក់ទឹករួចយកកូនកង្កែបមកចិញ្ចឹម ដោយប្រើរយៈពេលប្រហែលជា ២ ខែ អាចចាប់ យកទៅលក់បាន។
អ្នកដែលចូលចិត្តចិញ្ចឹមកង្កែបនៅជិតផ្ទះ សូមណែនាំឱ្យចិញ្ចឹមកង្កែបក្នុងសំបកកង់ឡាន។ ក្រៅពី សន្សំសំចៃទឹកហើយ ការចិញ្ចឹ​មកង្កែបក្នុងសំបកកង់ឡានធំលឿនជាងកង្កែបដែលចិញ្ចឹមក្នុង សំណាញ់បណ្តែតក្នុងស្រះដែលត្រូវចំណាយពេល ៣ ខែ។ រីឯកង្កែបចិញ្ចឹមក្នុងសំបកកង់ឡានត្រូវ ចំណាយពេល ២ ខែប៉ុណ្ណោះអាចចាប់លក់បាន ៣-៤ ក្បាល/គីឡូក្រាម ហើយដាក់សំបកកង់ឡាន ជាន់គ្នាជាថ្នាក់ ១ ឈុត អាចចិញ្ចឹមកង្កែបបាន ១០០ ក្បាល។ តាមធម្មតាចំណីដែលប្រើសម្រាប់ ចិញ្ចឹមកង្កែបគឺ ចំណីកង្កែបដែលដាក់លក់នៅតាមផ្សារ ប៉ុន្តែដើម្បីសន្សំសំចៃដើមទុន អាចសាកល្បងនាំយកចំណីត្រីអណ្តែង មកឱ្យក៏បាន ឬលាយជាមួយចេកណាំវ៉ាក្នុងចំណីឱ្យកង្កែបស៊ី កង្កែបនឹងធំតាមធម្មតា ហើយធ្ងន់ទៀតផង។




វិធីចិញ្ចឹមកង្កែបក្នុងសំបកកង់ឡាន
១. ឧបករណ៍
១.១. សំបកកង់ឡាន (ទំហំសំបកកង់ត្រាក់ទ័រ ចិញ្ចឹមបាន ១០០ ក្បាល, ទំហំសំបកកង់ឡានដំរីទឹក ចិញ្ចឹមបាន ៥០ ក្បាល, ទំហំសំបកកង់ឡានដែលមានកង់៦ ចិញ្ចឹមបាន ៣០ ក្បាល, ទំហំកង់ឡានធម្មតាដែលមានកង់៤ ចិញ្ចឹមបាន ២០ ក្បាល)
១.២. ខ្សាច់គ្រើមៗ
១.៣. កញ្ច្រែង
១.៤. កង្កែបពូជ (ទិញកូនកង្កែប)
១.៥. កំបោរសរ
១.៦. ចំណីកង្កែប ឬត្រីអណ្តែង
១.៧. ថាសដាក់ចំណី
២. វិធីចិញ្ចឹម
២.១. រកទីកន្លែងសម្រាប់ចិញ្ចឹមកង្កែប (ត្រូវពន្លឺព្រះអាទិត្យជាប្រចាំ)
២.២. ប្រើខ្សាច់គ្រើមៗ មកទ្រាប់កម្រាស់ ១៥ សង់ទីម៉ែត្រ
២.៣. បន្ទាប់មកយកកញ្ច្រែងទ្រាប់ផ្ទៃបាត
២.៤. យកថ្មតូចៗល្អិតៗ ចាក់ទ្រាប់ពីលើកញ្ច្រែង កម្រាស់ ៧ សង់ទីម៉ែត្រ
២.៥. យកកង់ឡានដាក់ជាន់ជាថ្នាក់ៗ ( ចំនួន ៣ កង់ឡាន)
២.៦. យកកង្កែបមកចិញ្ចឹម
២.៧. នាំយកកញ្ចែ្រងមកគ្របពីលើ ដើម្បីការពារកង្កែបលោតចេញ
៣. ចំណី
៣.១. ប្រើចំណីត្រីអណ្តែងគ្រាប់ធំ ឱ្យ្ងកង្កែបរាល់ពេលព្រឹក ល្ងាច ដោយដាក់ក្នុងថាសជាន់ក្រោម
៣.២. ចំណីបន្ថែមអាចឱ្យត្រកួនដែលហាន់ល្អិតៗ ឱ្យរាល់ ២ ថ្ងៃ/ម្តង
៣.៣. ដាក់ទឹកជាន់ទី១ និង ២ ហើយបញ្ចូលទឹកថ្មីរាល់ ៣ ថ្ងៃ/ម្តង
៣.៤. លាងថ្មី និងឧបករណ៍ឱ្យស្អាត លាងដោយទឹកស្អាត ឬទឹកអតិសុខុមកាយផ្លែឈើ (microorganism)
៣.៥. ប្រើភើ្លងបញ្ឆោតសត្វល្អិតឱ្យកង្កែបស៊ីជាចំណីបន្ថែម
៤. ពូជកង្កែបអាចរកទិញបានតាមកសិដ្ឋានទូទៅ
៥. រយៈពេលនៃការចិញ្ចឹមប្រហែលជា ២ ខែ

Thursday, December 6, 2012

ការចិញ្ចឹមកង្កែបក្នុងដបប្លាស្ទិក

ការចិញ្ចឹមកង្កែបក្នុងដបប្លាស្ទិកជាការច្នៃប្រឌិតការចិញ្ចឹមកង្កែបឱ្យសមស្របទៅនឹងទីកន្លែង ឬផ្ទៃដី ដែលមានកំណត់ (តូចចង្អៀត) ឱ្យទទួលបានប្រយោជន៍យ៉ាងខ្ពស់បំផុត និងការនាំវត្ថុដែលនៅសល់ មកប្រើប្រាស់ឱ្យមានប្រយោជន៍ ហើយជាការគ្រប់គ្រងដែលមានភាពងាយស្រួល។



ការចិញ្ចឹមកង្កែបក្នុងដប
 * ឧបករណ៍
១. ដបប្លាស្ទិក ១.២៥ លីត្រ ឡើងទៅ (មូល ឬជ្រុងក៏បាន)
២. ធ្នើ
៣. កូនកង្កែប (ជ្រើសរើសទិញកូនកង្កែប)
៤. ចំណីកង្កែបសុទ្ធ ឬចំណីត្រីអណ្តែង

* វិធីចិញ្ចឹម
១. នាំយកដបប្លាស្ទិកមកចោះជារន្ធតូចៗ ២ ប្រហ៊ោង ដើម្បីដាក់ចំណី ហើយដាក់ទឹកចូលទៅក្នុងដប បន្តិច (មិនឱ្យពេញដប)
២. បន្ទប់មកនាំយកកូនកង្កែបដាក់ចូលក្នុងដប ដោយដាក់ ១-២ក្បាល ហើយបិទគម្របឱ្យជាប់
៣. នាំយកដបប្លាស្ទិកទៅដាប់លើធ្នើជាថ្នាក់ៗ ដោយដាក់ផ្តេកហើយផ្អៀង
៤. ការឱ្យចំណីក្នុង ១ ថ្ងៃ ២ ដងគឺ ពេលព្រឹក-ល្ងាច ដោយដាក់ចូលក្នុងប្រហ៊ោងដែលបានចោះ
៥. ត្រូវប្តូរទឹកចេញ ២ ថ្ងៃ/ដង ដោយបើកគម្របបញ្ចេញទឹកចោល រួចប្តូរទឹកថ្មី
៦. ក្រោយពីចិញ្ចឹមបានប្រហែលជា ៣ ខែ ក៏អាចយកទៅលក់បាន
៧. យកដបប្លាស្ទិកមកកាត់ ហើយចាប់កង្កែបទៅថ្លឹងលក់

Friday, August 3, 2012

ការចិញ្ចឹមកង្កែប

ដើមទុនៈ ប្រហែលជា ៨០០,០០០ រៀល ក្នុងការចិញ្ចឹមកង្កែបក្នុងស្រះស៊ីម៉ង់ ៤ ស្រះ
ប្រាក់ចំណូលៈ លើកដំបូង ១,៦០០,០០០-២,៤០០,០០០ រៀល
ឧបករណ៍ៈ បា - មេពូជកង្កែប ឬស្សីធ្វើជាក្បូន ឬធាងដូង ស្រះស៊ីម៉ង់ អាហារសម្រាប់ចិញ្ចឹមកង្កែប  
ប្រភពមេពូជៈ កសិដ្ឋាន ឬកន្លែងចិញ្ចឹមកង្កែបទូទៅ


ការត្រៀមអនុវត្តៈ

១. ការចិញ្ចឹមកង្កែបគួរតែជ្រើសរើសកន្លែងខ្ពស់ ឬទួល មិនលិចទឹក តែមានលក្ខណះរាបស្មើ ជិតប្រភពទឹក ដើមី្បងាយស្រួលក្នុងការ បញ្ចេញបញ្ចូលទឹក និងឱ្យឆ្ងាយពីផ្លូវដើម្បីការពារសំលេងរំខាន។
២. ធ្វើស្រះស៊ីម៉ង់ទទឹង ១ ម. បណ្តោយ ១.៥ ម. កម្ពស់ ១ ម. ដើម្បី បង្កាត់ពូជកង្កែបចំនួន ១ ស្រះធ្វើស្រះ ទទឹង ៣ ម. បណ្តោយ ៤ ម. ចំនួន ៣ ស្រះ ហើយត្រូវមានបំពង់សម្រាប់បញ្ចេញទឹកផង
៣. ពូជកង្កែបគួរជ្រើសរើសកង្កែបស្រែ ព្រោះធំលឿន និងមានតម្រូវ ការខាងទីផ្សារខ្ពស់។ កង្កែបឈ្មោល តូចជាងកង្កែបញី នៅពេលចាប់ផ្ងារពោះយើងនឹងឃើញបំពង់សម្លេង នៅក្រោមចង្ការ ចំណែកកង្កែបញី យើង មើលមិនឃើញបំពង់សម្លេងនោះទេ។

ការបង្កាត់ពូជ
លាងស្រះស៊ីម៉ង់ឱ្យស្អាត រួចបញ្ចូលទឹកជម្រៅ ៣០ សង់ទីម៉ែត្រ រួចយកចក កំប្លោកមកដាក់ដើម្បីឱ្យពង កង្កែបជាប់។ បន្ទាប់មកបា មេពូជ ១ គូ មកដាក់ជាមួយគ្នា ១ - ២ យប់ កង្កែបនឹងបង្កាត់ពូជ និងទម្លាក់ពង ពេលឃើញកង្កែបទម្លាក់ពងហើយ ត្រូវយក បានិងមេពូជចេញពីស្រះ ដើម្បីមិនឱ្យកន្សោមពងបែក។

ការមើលថែកូនកង្កែប


នៅពេលដែលពងកង្កែបញាស់ចេញជាកូនកង្កែបហើយ រយៈពេល ២ ថ្ងៃដំបូងមិនចាំបាច់ឱ្យអាហារ ព្រោះកូន កង្កែប មានសារធាតុសម្រាប់ចិញ្ចឹមខ្លួនឯង។ បន្ទាប់មកទើបឱ្យអាហារ សម្រាប់កូនកង្កែប ១ ដងក្នុង ១ ថ្ងៃ ប្រហែលជា ១ ក្តាប់ដៃ ឬ អាចឱ្យស៊ុតដោយយកតែពណ៌ក្រហមខាងក្នុងធ្វើឱ្យម៉ត់ជា អាហារជំនួសក៏បាន ដែលជាមធ្យមប្រើពី ២-៣ គ្រាប់សម្រា ប់កូនកង្កែប ១ សំបុក។ នៅពេលដែលកូន កង្កែបមានអាយុចាប់ពី 20-30 ថ្ងៃ ទើបក្លាយជាកង្កែបពេញវ័យ ក្នុងចន្លោះពេលនេះ ត្រូវយកឬស្សីមក ធ្វើជាក្បូន ឬបន្ទះស្នោរបណ្តែតទឹក ដើម្បីឱ្យកូ នកង្កែបឡើងទៅនៅ ព្រោះកូនកង្កែបធំពេញវ័យមិនស្មើ គ្នានោះទេ អាចមានការខាំគ្នារហូតក្លាយជាដំបៅធ្វើឱ្យកូនកង្កែបសា្លប់បាន។ ដូច្នេះត្រូវ តែជ្រើស រើស កូនកង្កែបដែលមានប្រវែង ២ ស.ម. ទៅចិញ្ចឹមក្នុងអាងដែលត្រៀមទុក ១,០០០ ក្បាលក្នុង ១ អាង។

ការមើលថែកង្កែបពេញវ័យ
នៅពេលជ្រើសរើសកូនកង្កែបតាមខ្នាតទៅចិញ្ចឹមក្នុងអាងស៊ីម៉ង់ហើយ គួរដាក់ចក កំប្លោក ឬវត្ថុដែល អណ្តែត ទឹកដូចជាៈ បន្ទះឬស្សី ឬបន្ទះស្នរ ដើម្បីឱ្យកង្កែបឡើងទៅនៅ រួចយកធាងដូងមកគ្របអាង ដើម្បីបាំងកំដៅ ថ្ងៃផង នៅពេលដែលយកកូនកង្កែបបញ្ចូលទៅក្នុងអាងថ្មីៗ។ ក្នុងរយៈពេលនេះគួរឱ្យ ចំណីសម្រាប់កូន កង្កែបសិន នៅពេលដែលធំសឹមឱ្យចំណីគ្រាប់សម្រាប់កង្កែបធំ ២ ដងក្នុង១ ថ្ងៃ ព្រឹក ល្ងាច ក្នុងអាត្រា ៣% នៃទម្ងន់កង្កែប ឧទាហរណ៍ ប្រសិនជា កង្កែបមានទម្ងន់ ១០០ គីឡូក្រាម ត្រូវឱ្យចំណី ១ ថ្ងៃ ៣ គីឡូក្រាម។ ក្នុងដំណាក់កាលនេះ ប្រើរយៈពេល ៣ ខែ អាចចាប់លក់បាន។