Friday, July 12, 2013

ការបង្កាត់ពូជរុក្ខជាតិ

ការបង្កាត់ពូជរុក្ខជាតិដោយមិនប្រើគ្រាប់
ការបង្កាត់ពូជរុក្ខជាតិមានសារៈសំខាន់ណាស់សម្រាប់កសិករក្នុងការដាំរុក្ខជាតិ ដំណាំហូបផ្លែផ្សេងៗ ជាពិសេសការបង្កាត់ពូជ ដោយមិនប្រើគ្រាប់ដូចជា ការបំបៅ ការតខ្នែង ការតមែក ឬចុង ជាដើម​ វាធ្វើឱ្យចំណេញពេលវេលា ឆាប់បានទទួលទិន្នផល។

ការបំបៅមែក
គឺជាការបង្កាត់ពូជដោយប្រើមែករបស់រុក្ខជាតិ មានដំណាក់កាលដូចខាងក្រោម៖
1. ជ្រើសរើសមែកដែលល្អ និងមិនចាស់ពេក ស្លឹកល្អ គ្មានរោគ ឬសត្វបំផ្លាញ បានទទួលពន្លឺថ្ងៃគ្រប់គ្រាន់
2. កាត់សំបកចេញ ជុំវិញមែកចេញប្រវែង 1 ថ្នាំងដៃ ហើយកោសឲ្យទក់
3. យកស្រកីដូងហើយដំឱ្យទក់ យកទៅត្រាំទឹក ហើយពូត ឱ្យសល់ទឹកសើមៗ ដាក់ក្នុងថង់ រួចយកទៅរុំមែកដែល ចង់បំបៅ
4. ស្រោចទឹកជាប្រចាំ នៅពេលមែកដែលបំបៅដុះឬស ពណ៌លឿងត្នោត ចុងឬសពណ៌ស (ក្រោយពេលបំបៅ 1-2 ខែ) ទើបអាចកាត់បាន
5. យកមែកទៅផ្សាំ 1-2 ខែ ហើយនាំយកទៅដាំបាន។


ការតមែក
ការតមែកគឺជាការយកមែកពូជល្អមកតភ្ជាប់ដើមដែលត្រូវការត និយមប្រើសម្រាប់ការប្តូរពូជដែលល្អជាង ដែលកសិករត្រូវការ ព្រោះទទួលបានផលល្អដូចជាៈ ដើមស្វាយ ខ្នុរ ស្ពឺ ជាដើម។


1. ការតមែកបែបសម្រួចភ្ជាប់ៈ រុក្ខជាតិ ឬដំណាំដែលនិយមមានដូចជា  ទៀប ទទឹម​ Croton ផ្កាក្រដាសជាដើម។
   (1) កាត់មែក ឬដើមដែលត្រូវការត ឱ្យសល់ប្រវែងប្រហែល 4 ថ្នាំងដៃ រួចពុះឱ្យចំកណ្តាលមែក ឬដើមដែលចង់ដោតភ្ជាប់ ឱ្យជ្រៅប្រហែល 2 ថ្នាំដៃ។
   (2) នាំយកមែកពូជល្អមកសម្រួច ប៉ុន្តែឱ្យចេញជារាងសំប៉ែតបន្តិច ប្រវែង 2  ថ្នាំដៃ។
   (3) យកមែកពូជល្អដោតភ្ជាប់មែក ឬដើមដែលត្រូវការត ឱ្យមែកទាំងពីរចូលគ្នាក្លាយជាដើមតែមួយ រួចយកខ្សែចងស្នាមត ទាំងខាងលើ និងខាងក្រោមឱ្យណែន។
   (4) យកថង់ប្លាស្ទិកមកឃ្លុមហើយចងឱ្យជិត​ រួចយកទៅទុកនៅក្នុងម្លប់។
   * ប្រសិនបើ មែកឬដើមនៅកណ្តាលថ្ងៃ បន្ទាប់ពីឃ្លុមថង់ប្លាស្ទិកហើយ ត្រូវឃ្លុមដោយក្រដាសមួយជាន់ទៀត ដើម្បីមិនឱ្យពន្លឺថ្ងៃចូលបាន។
          រយៈពេល 15-20 ថ្ងៃ នឹងសង្កេតឃើញបណ្តូលថ្មី ឬចេញស្លឹកថ្មី គួរយកថង់ប្លាស្ទិកចេញ
          រយៈពេល 30 ថ្ងៃ ស្រាយខ្សែចេញឱ្យអស់ បន្ទាប់មកយកទៅដាំ ឬមើលថែឱ្យបានល្អ។

 



Thursday, July 11, 2013

ការដាំម្ទេស

ការត្រៀមដីក្នុងការដាំម្ទេស
ម្ទេសអាចដាំបានស្ទើរតែគ្រប់ប្រភេទដី តែប្រភេទដីដែលល្អបំផុតគឺ ដីដែលមិនជាំទឹក ហើយគួរភ្ជូរត្រឡប់ហាលចោលពី 7-10 ថ្ងៃ សម្រាប់ជីដែលត្រូវប្រើគឺ ជីលាមកសត្វ ឬជីសរីរាង្គ។

វិធីបណ្តុះកូន
គួរបណ្តុះកូននៅលើថ្នាលជាមុនសិន ដោយខ្ចប់គ្រាប់ម្ទេសក្នុងក្រណាត់ហើយត្រាំទឹក 1 យប់ រួចយកទៅលាងក្នុងទឹកដែល កំពុងហូរយ៉ាងហោចណាស់ 30 នាទី យកគ្រាប់ម្ទេសដែលខ្ចប់នឹងក្រណាត់រក្សាទុកនៅកន្លែងដែលស្ងួត ហើយម្លប់ 2-3 ថ្ងៃទៀត។ នៅពេលដែលគ្រប់ម្ទេសដុះចេញឬសពណ៌សតូចៗ សឹមយកទៅបណ្តុះ។


បច្ចេកទេសក្នុងការដាំ
ក្រោយពេលបណ្តុះកូនបាន 2-3 សប្តាហ៍ មុននឹងយកទៅដាំលើថ្នាលថ្មី ចូរកាត់បណ្តូលកូនម្ទេសឱ្យសល់តែថ្នាំងដែល មានស្លឹកចាស់ ព្រមទាំងកាត់ឬសកែវឱ្យសល់ប្រវែង 1 ឬ1 ថ្នាំដៃកន្លះ។ នៅពេលដែលម្ទេសធំឡើង វានឹងមិនខ្ពស់ពេក ផ្ទុយទៅវិញវានឹងបែកមែកច្រើន ធ្វើឱ្យមានផ្កា ផ្លែច្រើនដែរ ចំណែកឬសកែវនឹងកើតជាឬសតូចៗច្រើន អាចរកអាហារ ជីវជាតិមកចិញ្ចឹមដើមបានដោយងាយ។ គួរដាំទុកចន្លោះរវាងដើមនីមួយៗ ប្រវែង 50 សម. ទុកចន្លោះចន្លោះរវាងជួរនីមួយៗ 70 សម.។ ប្រសិនជាលើកជាថ្នាលគួរទុកទទឹង 1 ម. ប្រវែង 20 ម. ចន្លោះសម្រាប់ដើរ 0.5 ម.។


ការដាក់ជី
ក្រោយពេលដាំបាន 20-25 ថ្ងៃ ឬអាចសង្កេតមើលដើមម្ទេស ដោយជ្រួយដីដាក់ជីសរីរាង្គ ឬជីលាមសត្វ។