Sunday, December 16, 2012

ការដាំក្រូចឆ្មារក្នុងលូស៊ីម៉ង់

ការដាំក្រូចឆ្មារក្នុងលូស៊ីម៉ង់ និងការធ្វើឱ្យក្រូចឆ្មារផ្លែខុសរដូវ សម្រាប់កសិករដែលចង់ដាំក្រូចឆ្មារក្នុង លូ ស៊ីម៉ង់ចំនួន ១០០ កង់ ដោយប្រើផ្ទៃដីចំនួន ១,៦០០​ ម៉ែត្រការ៉េប៉ុណ្ណោះ។ ដំបូងត្រូវចំណាយ ដើមទុនច្រើន ជាពិសេសទៅលើលូស៊ីម៉ង់ និង គម្របទា្រប់បាត បើរួមបញ្ចូលទាំងថ្លៃមែក ឬដើមក្រូច ឆ្មារ ប្រព័ន្ធទឹក។ល។ សរុបទាំងអស់នៃការដាំក្រូចឆ្មារក្នុងលូស៊ីម៉ង់ ចំនួន ១០០ កង់ អស់ចំនួន ២,៧០០,០០០ រៀល។ នៅពេលដើមក្រូចឆ្មារមានអាយុ ៨ ខែ អាចបង្គាប់ឱ្យផ្លែ ខុសរដូវបាន ដោយប្រើថង់ប្លាស្ទិកគ្របដើមក្រូចឆ្មារក្នុងខែកញ្ញា និងឱ្យចេញផ្កានៅខែតុលា អាចប្រមូលផល (ក្រូចឆ្មារចាស់) នៅចន្លោះ ខែមីនា-មេសា ជាខែដែលអាចលក់ផ្លែក្រូចឆ្មារបានតម្លៃថ្លៃបំផុត។


ការរៀបចំគម្រោងក្នុងការដាំក្រូចឆ្មារ
ចំណុចសំខាន់ៗក្នុងការចាប់ផ្តើមដាំក្រូចឆ្មារក្នុងលូស៊ីម៉ង់ ត្រូវវាស់ផ្ទៃដី ទទឹង x បណ្តោយ ជាមុនសិន ដើម្បីរៀបចំផ្ទៃដី។ បន្ទាប់មកទុកផ្លូវសម្រាប់ដើរប្រវែង ២ ម៉ែត្រ ចន្លោះដើមក្រូចឆ្មារពីមួយទៅមួយ ប្រវែង ១.២០ ម៉ែត្រ ចន្លោះក្នុងមួយជួរ ១.៥០ ម៉ែត្រ ដាំជាជួរលក្ខណៈគូហើយទុកផ្លូវសម្រាប់ដើរ ប្រវែង ២ ម៉ែត្រ។ ដីត្រូវធ្វើឱ្យរាបស្មើ ហើយវាស់លូស៊ីម៉ង់ឱ្យស្មើ គ្នាលក្ខណៈគូ ដើម្បីងាយស្រួលដល់ ការរៀបចំប្រព័ន្ធទឹក និងគណនាកម្លាំងទឹក អាងស្តុបទឹកចែកចេញជា ២ គឺ ទី១ ត្រូវតម្កល់លូឱ្យខ្ពស់ ប្រហែលជា ៥ កង់ ឬអាចផ្ទុកទឹកបាន ១,២០០ លីត្រ។ អាងស្តុបទឹកនេះនឹងប្រើសម្រាប់លាយជី សរីរាង្គ (ទឹក) ហើយបញ្ចូលទឹកស្អាតលាយរួចបញ្ចេញដើម្បី ស្រោចដើមក្រូចឆ្មារក្នុងលូស៊ីម៉ង់ដោយផ្ទាល់តែម្តង។ ចំណែក អាងស្តុបទឹក ១ គូ ទៀតដែលមាន លូ កម្ពស់ ៩ កង់ ប្រើសម្រាប់ស្តុកទឹកស្អាត និងជួយជម្រុញកម្លាំងទឹកពេលស្រោច។

ការត្រៀមដីដាំក្រូចឆ្មារ និងទំហំលូ
ទំហំលូស៊ីម៉ង់សូមណែនាំឱ្យប្រើលូដែលមានអង្កត់ផ្ទិត ៨០ សង់ទីម៉ែត្រ គម្របទ្រាប់បាត ៩០ សង់ទីម៉ែត្រ ដើម្បីកុំឱ្យដើម ក្រូចចាក់ឬសមកក្រៅពិបាកក្នុងការបង្គាប់ឱ្យចេញផ្កា ឬផ្លែ។  ចំណែកដី សម្រាប់ដាំត្រូវលាយដី ១/៣ លាមកគោ ១/១ និងសំបកសណ្តែកបាយ ១/២ (១/៣ មានន័យថា របស់១ ចែកជា ៣)លាយបញ្ចូលគ្នា។ ការប្រើសំបកសណ្តែកបាយ ជួយធ្វើឱ្យដីធូរ ប្រសិនជាប្រើតែ លាមកគោ និងដីធ្វើឱ្យដីណែន ពេលស្រោចទឹក ៣-៤ ថ្ងៃ ទឹកអាចមិនជ្រាបដល់បាតលូ។ ឧទាហរណ៍ៈ បរិមាណដីដែលត្រូវប្រើក្នុងការដាំក្រូចឆ្មាក្នុងលូចំនួន ១០០ កង់ ត្រូវការដីប្រហែលជា ១ ឡានដំរីទឹក (កង់១០) ចំណែកឯបច្ចេកទេសក្នុងការលាយដីត្រូវចាក់ដីជាស្រទាប់ដំបូង បន្ទាប់មកចាក់លាមកគោជាស្រទាប់ទី ២ នឹងបញ្ចប់ដោយសំបកសណ្តែកបាយជាស្រទាប់ចុងក្រោយ រួចហើយប្រើគ្រឿងសម្រាប់លាយដោយរថយន្តសម្រាបភ្ជួរដី វានឹងប្រើរយៈពេលតិចជាងប្រើកម្លាំងមនុស្ស។

                                      ការលាយដីដាំក្រូចឆ្មារ
បច្ចេកទេសចាក់ដីក្នុងការដាំក្រូចឆ្មារ
កន្លងមកកសិករភាគច្រើនដាំក្រូចឆ្មារក្នុងលូស៊ីម៉ង់តែងតែចាក់ដីសើ្មមាត់លូប៉ុណ្ណោះ។ នៅពេលដែល ស្រោចទឹកបានតែ រយៈពេល ១ សប្តាហ៍ ដីស្រុតចុះប្រហែលជា ១ កែងដៃ ប្រសិនជាកសិករបន្ថែមដី ទៀត វានឹងកប់ដើម ឬគល់ក្រូចឆ្មារ ពេលនេះវានឹងអាចធ្វើឱ្យគល់ក្រូចឆ្មាររលួយ។ ដូច្នេះហើយ ការ ចាក់ដីក្នុងលូស៊ីម៉ង់ត្រូវចាក់ឱ្យកំពុងដូចភ្នំ ហើយឡើងជាន់ ជុំវិញមាត់លូ បរិវេណកណ្តាលមិនចាំបាច់ ជាន់ទេ ការចាក់ដីឱ្យកំពុងអាចជួយក្នុងរឿងដីស្រុតចុះមកស្មើមាត់លូបានយូរ ដល់រយៈពេល ១ ឆ្នាំ។

បច្ចេកទេសក្នុងដាំក្រូចឆ្មារ
បន្ទាប់ពីចាក់ដីរួចហើយ ត្រូវជីរណ្តៅឱ្យមានទំហំប៉ុនគ្នាទៅនឹងថង់ដែលគេផ្ស៊ាំដើមក្រូចឆ្មារ (ធម្មតា ប្រសិនជាប្រើមែកក្រូចឆ្មារ គួរផ្ស៊ាំរយៈពេលយ៉ាងយូរ 1ខែ។ យើងមិនណែនាំឱ្យទិញដើមក្រូចឆ្មារដែលបំបៅកាត់មកផ្សាំទុកច្រើនខែ ឬឆ្នាំ ដោយសារឬស វាដុះចាក់ជ្រៅ ធ្វើឱ្យមិនងាយធំឬក្រិនដើម) ដាក់ជីគីមី 16-16-16 ទ្រាប់បាតរណ្តៅប្រមាណ 1 ក្តាប់ដៃ យកថង់ខ្មៅចេញ ហើយដាំកូនក្រូចឆ្មារឱ្យសើ្មល្មមជាមួយនឹងមាត់រណ្តៅ លុបដីហើយប្រើជើងជាន់ជុំវិញដើម។ ត្រូវដោតឈើទប់ដើមក្រូចឆ្មារ ហើយយកខ្សែចង ដើម្បីការពារពេលខ្យល់បក់។ រៀបចំប្រព័ន្ធទុយយោ ដើម្បីងាយស្រួលក្នុងការស្រោចទឹក។


ការដាំក្រូចឆ្មារក្នុងលូស៊ីម៉ង់បានពេញមួយឆ្នាំ
ការដាំក្រូចឆ្មារក្នុងលូស៊ីម៉ង់ កសិករអាចដាំបានពេញមួយឆ្នាំ។ ដាំហើយអាចរាប់បន្ត 8 ខែទៀត កសិករអាចបង្គាប់ ឬធ្វើឱ្យដើមក្រូចឆ្មារចេញផ្កាបាន ប្រសិនជាកសិករចង់ឱ្យក្រូចឆ្មារចេញផ្កាផ្លែដំបូងនៅរដូវក្តៅកសិករគួរដាំក្នុងខែមករា ហើយខែកញ្ញា-តុលា ឆ្នាំដដែលរួចបង្គាប់ឱ្យចេញផ្កា ទិន្នផលនៅរដូវក្តៅនឹងល្មមបេះផ្លែលក់បានតម្លៃថ្លៃនៅចន្លោះខែ មីនា-មេសា នៅឆ្នាំបន្ទាប់។ យើងអាចសង្កេតឃើញថាការដាំក្រូចឆ្មារក្នុងលូស៊ីម៉ងប្រើរយៈពេលតែ 1 ឆ្នាំជាងប៉ុណ្ណោះ កសិករអាចបេះផ្លែលក់បាន។

បច្ចេកទេសក្នុងការស្រោចទឹកក្រូចឆ្មារ តើត្រូវធ្វើយ៉ាងម៉េច?
ការផលិតក្រូចឆ្មារក្នុងរដូវប្រាំងដែលដាំក្នុងលូស៊ីម៉ង់ ចូរប្រើប្លាស្ទិកបិទមាត់លូ ដើម្បីការពារទឹក ឬទឹកភ្លៀងដែលធ្លាក់ ចុះមកក្នុងដំណាក់កាលដំបូង។ ប៉ុន្តែបញ្ហាដែលច្រើនតែជួបនោះគឺ នៅពេលដែលកសិករនាំយកប្លាស្ទិកទៅគ្រប មាត់លូស៊ីម៉ង់បែរទៅជារក្សាសំណើមដល់ដើមក្រូវឆ្មារទៅវិញ ប្រើរយៈពេលច្រើនថ្ងៃទើបដីស្ងួត។ កសិករអាចសង្កេត មើលចន្លោះខែសីហា-កញ្ញាជារៀងរាល់ឆ្នាំ ភ្លៀងមិនធ្លាក់ជាប់គ្នាជារៀងរាល់ថ្ងៃនោះទេ ក្នុងការផលិតក្រូចឆ្មារក្នុងខែប្រាំង ប្រសិនជាភ្លៀងមិនធ្លាក់ជាប់គ្នា 3-4 ថ្ងៃ ដីនៅក្នុងលូស៊ីម៉ង់នឹងចាប់ផ្តើមស្ងួត ស្លឹកក្រូចឆ្មារចាប់ផ្តើមក្រៀម បន្ទាប់មកបាញ់ ថ្នាំជម្រុញឱ្យក្រូចឆ្មារចេញផ្កា និងផ្លែបាន។

ផលិតក្រូចឆ្មារនៅខែប្រាំងអាចធ្វើបាន 2 ជំនាន់ក្នុង 1 ឆ្នាំ
ដំបូងឡើយការបង្គាប់ឱ្យក្រូចឆ្មារចេញផ្កានៅខែប្រាំងខែ 1 ជំនាន់ទេគឺ ចន្លោះខែតុលា ហើយប្រមូលផលនៅចន្លោះខែ
មេសាធ្វើឱ្យកសិករបេះផ្កាក្រូចឆ្មារចោលតាំងតែឧសភារហូតដល់ខែសីហា-កញ្ញា។ ប៉ុន្តែរយៈពេល 3-4 ឆ្នាំកន្លងមកនេះ តម្លៃក្រូចឆ្មារចាប់ផ្តើមថ្លៃតាំងតែខែមករារហូតដល់ខែមេសា ហេតុនេះហើយទើបមានការធ្វើឱ្យក្រូចឆ្មារចេញផ្កា 2 ជំនាន់ គឺៈ ប្រមូលផលលក់នៅចន្លោះខែមករា-កុម្ភៈ 1 ជំនាន់ (បង្គាប់ឱ្យចេញផ្កាចន្លោះខែកក្កដា-សីហា) និងប្រមូលផលលក់នៅ ចន្លោះខែមីនា-មេសា 1 ជំនាន់ទៀត (បង្គាប់ឱ្យចេញផ្កាចន្លោះខែកញ្ញា-តុលា) នៅពេលដែលចូលដល់ឧសភាតម្លៃ ក្រូចឆ្មារចាប់ផ្តើមចុះថោក កសិករប្រើពេលនេះដើម្បីកាត់តុបតែងមែកក្រូចឆ្មារ ព្រមទាំងបេះផ្កា ផ្លែដែលជាប់នឹងដើម ចោលឱ្យអស់។

ត្រូវកាត់តុបតែងមែកក្រូចឆ្មារដែលដាំក្នុងលូស៊ីម៉ង់ឱ្យស្អាត 3 ឆ្នាំម្តង
កសិករត្រូវកាត់តុបតែងមែកក្រូចឆ្មារដែលដាំក្នុងលូស៊ីម៉ង់ឱ្យស្អាត 3 ឆ្នាំម្តង ដោយចាប់ផ្តើមកាត់មែក និងបេះផ្លែចោលឱ្យ អស់ក្នុងចន្លោះខែឧសភា។ នៅចន្លោះឆ្នាំទី 1-2 មានការកាត់តុបតែងខ្លះដែរ ប៉ុន្តែមិនសូវច្រើន តែកសិករត្រូវធ្វើការធ្ងន់ (កាត់តុបតែងមែក) នៅពេលដែលដើមក្រូចឆ្មារមានអាយុ 3 ឆ្នាំ ព្រោះក្នុងឆ្នាំនេះដើមក្រូចឆ្មារចាប់ផ្តើមទ្រុតទ្រោម មាន មែកងាប់ច្រើន។ ការកាត់មែកធ្វើឱ្យដើមក្រូចឆ្មារបែកមែកថ្មី ហើយផ្លែក្រូចឆ្មារមានគុណភាព ក្រោយពីការកាត់តុបតែងមែក រួចនៅខែឧសភា ខែមិថុនា-កក្កដា ជាចន្លោះពេលដែលកសិករត្រូវ បំប៉ន់ដើមដើម្បីបង្គាប់ធ្វើឱ្យចេញផ្កានៅខែសីហាបានល្អ។

Friday, December 7, 2012

ការចិញ្ចឹមកង្កែបក្នុងសំបកកង់ឡាន

ការចំណាយដើមទុនទៅលើមុខរបរចិញ្ចឹមកង្កែបគឺជា អាជីពម្យ៉ាងដែលកសិករតាមបណ្តាខេត្តផ្សេងៗ មានការចាប់អារម្មណ៍ និងនិយមងាកមកចិញ្ចឹមកង្កែបកាន់តែច្រើនឡើង។ ក្រៅពីកសិករចំណាយ ដើមទុនលើការធ្វើអាងស៊ីម៉ង់ ឬទិញសំណាញ់ បណ្តែតលើស្រះទឹកក្នុងការចិញ្ចឹមកង្កែបហើយ កសិករ មួយចំនួនបានប្រើគំនិតច្នៃប្រឌិតអភិវឌ្ឍវិធីចិញ្ចឹមកង្កែបជាការសន្សំ សំចៃដើមទុន ដោយការចិញ្ចឹម កង្កែបក្នុងដបប្លាស្ទិក និងចិញ្ចឹមកង្កែបក្នុងសំបកកង់ឡានដោយគ្រាន់តែស្វែងរកសំបកកង់ ឡាន ចាស់ៗ មកដាក់ពីលើជាថ្នាក់ៗ ដាក់ទឹករួចយកកូនកង្កែបមកចិញ្ចឹម ដោយប្រើរយៈពេលប្រហែលជា ២ ខែ អាចចាប់ យកទៅលក់បាន។
អ្នកដែលចូលចិត្តចិញ្ចឹមកង្កែបនៅជិតផ្ទះ សូមណែនាំឱ្យចិញ្ចឹមកង្កែបក្នុងសំបកកង់ឡាន។ ក្រៅពី សន្សំសំចៃទឹកហើយ ការចិញ្ចឹ​មកង្កែបក្នុងសំបកកង់ឡានធំលឿនជាងកង្កែបដែលចិញ្ចឹមក្នុង សំណាញ់បណ្តែតក្នុងស្រះដែលត្រូវចំណាយពេល ៣ ខែ។ រីឯកង្កែបចិញ្ចឹមក្នុងសំបកកង់ឡានត្រូវ ចំណាយពេល ២ ខែប៉ុណ្ណោះអាចចាប់លក់បាន ៣-៤ ក្បាល/គីឡូក្រាម ហើយដាក់សំបកកង់ឡាន ជាន់គ្នាជាថ្នាក់ ១ ឈុត អាចចិញ្ចឹមកង្កែបបាន ១០០ ក្បាល។ តាមធម្មតាចំណីដែលប្រើសម្រាប់ ចិញ្ចឹមកង្កែបគឺ ចំណីកង្កែបដែលដាក់លក់នៅតាមផ្សារ ប៉ុន្តែដើម្បីសន្សំសំចៃដើមទុន អាចសាកល្បងនាំយកចំណីត្រីអណ្តែង មកឱ្យក៏បាន ឬលាយជាមួយចេកណាំវ៉ាក្នុងចំណីឱ្យកង្កែបស៊ី កង្កែបនឹងធំតាមធម្មតា ហើយធ្ងន់ទៀតផង។




វិធីចិញ្ចឹមកង្កែបក្នុងសំបកកង់ឡាន
១. ឧបករណ៍
១.១. សំបកកង់ឡាន (ទំហំសំបកកង់ត្រាក់ទ័រ ចិញ្ចឹមបាន ១០០ ក្បាល, ទំហំសំបកកង់ឡានដំរីទឹក ចិញ្ចឹមបាន ៥០ ក្បាល, ទំហំសំបកកង់ឡានដែលមានកង់៦ ចិញ្ចឹមបាន ៣០ ក្បាល, ទំហំកង់ឡានធម្មតាដែលមានកង់៤ ចិញ្ចឹមបាន ២០ ក្បាល)
១.២. ខ្សាច់គ្រើមៗ
១.៣. កញ្ច្រែង
១.៤. កង្កែបពូជ (ទិញកូនកង្កែប)
១.៥. កំបោរសរ
១.៦. ចំណីកង្កែប ឬត្រីអណ្តែង
១.៧. ថាសដាក់ចំណី
២. វិធីចិញ្ចឹម
២.១. រកទីកន្លែងសម្រាប់ចិញ្ចឹមកង្កែប (ត្រូវពន្លឺព្រះអាទិត្យជាប្រចាំ)
២.២. ប្រើខ្សាច់គ្រើមៗ មកទ្រាប់កម្រាស់ ១៥ សង់ទីម៉ែត្រ
២.៣. បន្ទាប់មកយកកញ្ច្រែងទ្រាប់ផ្ទៃបាត
២.៤. យកថ្មតូចៗល្អិតៗ ចាក់ទ្រាប់ពីលើកញ្ច្រែង កម្រាស់ ៧ សង់ទីម៉ែត្រ
២.៥. យកកង់ឡានដាក់ជាន់ជាថ្នាក់ៗ ( ចំនួន ៣ កង់ឡាន)
២.៦. យកកង្កែបមកចិញ្ចឹម
២.៧. នាំយកកញ្ចែ្រងមកគ្របពីលើ ដើម្បីការពារកង្កែបលោតចេញ
៣. ចំណី
៣.១. ប្រើចំណីត្រីអណ្តែងគ្រាប់ធំ ឱ្យ្ងកង្កែបរាល់ពេលព្រឹក ល្ងាច ដោយដាក់ក្នុងថាសជាន់ក្រោម
៣.២. ចំណីបន្ថែមអាចឱ្យត្រកួនដែលហាន់ល្អិតៗ ឱ្យរាល់ ២ ថ្ងៃ/ម្តង
៣.៣. ដាក់ទឹកជាន់ទី១ និង ២ ហើយបញ្ចូលទឹកថ្មីរាល់ ៣ ថ្ងៃ/ម្តង
៣.៤. លាងថ្មី និងឧបករណ៍ឱ្យស្អាត លាងដោយទឹកស្អាត ឬទឹកអតិសុខុមកាយផ្លែឈើ (microorganism)
៣.៥. ប្រើភើ្លងបញ្ឆោតសត្វល្អិតឱ្យកង្កែបស៊ីជាចំណីបន្ថែម
៤. ពូជកង្កែបអាចរកទិញបានតាមកសិដ្ឋានទូទៅ
៥. រយៈពេលនៃការចិញ្ចឹមប្រហែលជា ២ ខែ

Thursday, December 6, 2012

ការចិញ្ចឹមកង្កែបក្នុងដបប្លាស្ទិក

ការចិញ្ចឹមកង្កែបក្នុងដបប្លាស្ទិកជាការច្នៃប្រឌិតការចិញ្ចឹមកង្កែបឱ្យសមស្របទៅនឹងទីកន្លែង ឬផ្ទៃដី ដែលមានកំណត់ (តូចចង្អៀត) ឱ្យទទួលបានប្រយោជន៍យ៉ាងខ្ពស់បំផុត និងការនាំវត្ថុដែលនៅសល់ មកប្រើប្រាស់ឱ្យមានប្រយោជន៍ ហើយជាការគ្រប់គ្រងដែលមានភាពងាយស្រួល។



ការចិញ្ចឹមកង្កែបក្នុងដប
 * ឧបករណ៍
១. ដបប្លាស្ទិក ១.២៥ លីត្រ ឡើងទៅ (មូល ឬជ្រុងក៏បាន)
២. ធ្នើ
៣. កូនកង្កែប (ជ្រើសរើសទិញកូនកង្កែប)
៤. ចំណីកង្កែបសុទ្ធ ឬចំណីត្រីអណ្តែង

* វិធីចិញ្ចឹម
១. នាំយកដបប្លាស្ទិកមកចោះជារន្ធតូចៗ ២ ប្រហ៊ោង ដើម្បីដាក់ចំណី ហើយដាក់ទឹកចូលទៅក្នុងដប បន្តិច (មិនឱ្យពេញដប)
២. បន្ទប់មកនាំយកកូនកង្កែបដាក់ចូលក្នុងដប ដោយដាក់ ១-២ក្បាល ហើយបិទគម្របឱ្យជាប់
៣. នាំយកដបប្លាស្ទិកទៅដាប់លើធ្នើជាថ្នាក់ៗ ដោយដាក់ផ្តេកហើយផ្អៀង
៤. ការឱ្យចំណីក្នុង ១ ថ្ងៃ ២ ដងគឺ ពេលព្រឹក-ល្ងាច ដោយដាក់ចូលក្នុងប្រហ៊ោងដែលបានចោះ
៥. ត្រូវប្តូរទឹកចេញ ២ ថ្ងៃ/ដង ដោយបើកគម្របបញ្ចេញទឹកចោល រួចប្តូរទឹកថ្មី
៦. ក្រោយពីចិញ្ចឹមបានប្រហែលជា ៣ ខែ ក៏អាចយកទៅលក់បាន
៧. យកដបប្លាស្ទិកមកកាត់ ហើយចាប់កង្កែបទៅថ្លឹងលក់